កំព្យូទ័រ ម៉ាក ទាំងអស់ នឹង​មាន​រូបរាង​ថ្មី

ជាមួយនឹងភាពជឿជាក់ នៃការកើនឡើងនៃការលក់ ម៉ាស៊ីនកំព្យូទ័រ ប្រមាណជា ១៥% នៃការលក់ចេញរបស់អ័បផល ក្នុង​ឆ្នាំ២០១២កន្លងទៅ (ទល់នឹងនឹងការកើនឡើងតែ ២%ប៉ុណ្ណោះ នៃប៉េស្សេ PC) លោកនាយក​រង​ ផ្នែកទីផ្សារ ហ្វីល ឈីល័រ (Phil Schiller) នៃ ក្រុមហ៊ុនអ័បផល បានបង្ហាញកាលពីរាត្រីថ្ងៃអង្គារ ក្នុងទីក្រុងសាន ជូហ្សេ (រដ្ឋកាលីផរនី) នូវកំព្យូទ័រ ម៉ាកប៊ុក ប្រូ (MacBook Pro) ថ្មីមួយទៀត ដែលមានទំហំអេក្រង់ ១៣អ៊ីញ។

កំព្យូទ័រប្រភេទដាក់តាមខ្លួន ដែលចេញថ្មីនេះ មានទំងន់ ២០%ស្រាលជាង កំព្យូទ័រចេញមុនៗ មានអេក្រង់ប្រភេទភ្លឺថ្លា រ៉េទីណា (Rétina) របស់អ័បផល ហើយមានទំហំពីកស៊ែល ធំរហូតដល់ ២៥៦០ x ១៦៦០ ដែលជាទំហំមួយធំជាង ពីរដង នៃទំហំ ហ្វូល អាឆដេ (Full HD)។
បំពាក់ដោយ ម៉ាស៊ីនថតរូប (Facetime) មកជាមួយ ដែលមានសមត្ថភាពចាប់រូបបាន ៧២០ប៉េ (720p)។ រីឯតំលៃលក់ នឹង​ត្រូវគេដឹងចាប់ពី ១ ៦៩៩ ដុល្លាអាមេរិកឡើងទៅ ជាមួយនឹងប្រូសេស័រ អ៊ីនទែល ក័រ អាយ ប្រាំ (Core i5)  អង្គចងចាំ ៨ ជីហ្គាបាយ  និងទំហំឌីស ១២៨ជីហ្គាបាយ ជាឌីសផ្លាស្ស (flash)។
រូបរាងថ្មី របស់អាយម៉ាក (iMac)
ចំណែកឯ ម៉ាកមីនី វិញ ក៏បានវិវត្តន៍ទៅមុខដែរ ជាមួយនឹង ប្រូសេស័រ អ៊ីនទែល ក័រ អាយ ប្រាំ ឬប្រាំពីរ  (Core i5, i7 )  និង​ទំហំឌីស ៥០០ ជីហ្គាបាយ ជាឌីសវិលធម្មតា។ វាមានតម្លៃថោកជាងគេ តែ៥៩៩ដុល្លាប៉ុណ្ណោះ។
នៅទីបំផុត អាយម៉ាក (iMac កំព្យូទ័រដាក់នៅលើតុ) បានផ្លាស់ប្ដូរ រូបរាងរបស់វាខាងក្រៅរបស់វា ហើយមានអេក្រង់ស្ដើង​ជា​ទីបំផុត តែ២មីលីមែត្រប៉ុណ្ណោះ ដែលកំរាស់ទាំងក្រប ទាំងអេក្រង់ មានទំហំ៥មីលីមែត្រ។  មានទំហំអេក្រង់ ២១,៥អ៊ីញ និង​២៧អ៊ីញ ជាមួយនឹងកំរិតពីកស៊ែលរវាងពី ២ ៥៦០ x ១ ៤៤០ និង ១ ៩២០ x ១ ០៨០។ ទំហំមុំនៃភាពមើលឃើញរបស់វា មានរហូតដល់ ១៧៨ដឺក្រ ហើយទំហំឌីសអាចដាក់ថត សំនុំឯកសារនានា បានរហូតដល់ ៣តេហ្គាអូទែ (3 To ប្រហែល​ជា 3 000 Go និងប្រមាណជា 3 000 000 Mo)។ រីឯតម្លៃរបស់វា ១ ២៩៩ដុល្លា សម្រាប់ទំហំអេក្រង់ ២១,៤អ៊ីញ និង ១ ៧៩៩​ដុល្លា សម្រាប់ទំហំអេក្រង់ ២៧អ៊ីញ ហើយអាចអាស្រ័យ នឹងកំរិតនៃការតម្លើង (Setup Configuration) របស់វាផង៕


ប្រភពពី: MONOROM