ការបន្ថែមម្សៅទឹកដោះគោពីលើការបំបៅដោះ​​ជួយឱ្យទារកធំធាត់ឆាប់រហ័ស

អ្នកស្រាវជ្រាវ បានតាមដានទារក ១៧១នាក់ ដែលមានទម្ងន់ប្រមាណ០,៩គ.ក្រ ដែលកើតក្នុងអំឡុង សប្តាហ៍ទី២៧ នៃការមានផ្ទៃពោះ គឺកើតមុនកំណត់មុន ១០សប្តាហ៍ ដោយឱ្យទារកប្រមាណពាក់កណ្តាល បៅទឹកដោះម្តាយ ខណៈដែលពាក់កណ្តាលទៀត ត្រូវបំបៅ ដោយទឹកដោះម្តាយតិចតួច និងបន្ថែមដោយម្សៅទឹកដោះគោ។
លទ្ធផលរកឃើញថា ក្មេងដែលរបបអាហារ ៧៥ភាគរយ ជាទឹកដោះម្តាយ ធំធាត់យឺតជាងក្មេងមួយក្រុមទៀត ហើយឥទ្ធិពលនេះ កាន់តែខ្ពស់ សម្រាប់ក្មេងដែលត្រូវបំបៅទឹកដោះ ម្តាយ ដែលបានមកពីការបរិច្ចាគរបស់ស្ត្រី ដែលមិនមែនជាម្តាយរបស់ខ្លួន។ ការបន្ថែមម្សៅទឹកដោះគោ ដល់ទារកទម្ងន់តិច នៅពេលកើត អាចជួយធ្វើឱ្យអត្រាលូតលាស់របស់ពួកគេ មានភាពល្អប្រសើរ។
ទោះជាយ៉ាងណា អ្នកជំនាញ នៅតែណែនាំឱ្យបំបៅកូន ដោយទឹកដោះម្តាយ ព្រោះវាមានប្រយោជន៍ការពារទារក ប្រឆាំងការឆ្លងមេរោគ ហើយទារកដែលបៅទឹកដោះម្តាយ មានទំនោររាករូស ឬក្អួតតិច និងមានការឆ្លងមេរោគនៅដើមទ្រូង និងត្រចៀកតិច ធៀបនឹងទារកដែលបៅទឹកដោះគោ៕


ប្រភពពី Cambodia Health