Showing posts with label ចំណេះដឹងទូទៅ. Show all posts
Showing posts with label ចំណេះដឹងទូទៅ. Show all posts

ប្រវត្តិនៃទេពធីតា​មហាសសង្ក្រាន្ត


ទេពធីតា​មហាសសង្ក្រាន្ត​ និង គ្រឿង​អាភរណៈថ្ងៃ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្ប​មាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា អ្នក មាន​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះ​ចប់​ត្រៃវេទ​តាំងពី​អាយុ​បាន ៧​ឆ្នាំ​។ សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរទន្លេ ដែលជា​ទី​នៅ​នៃ​បក្សី​ទាំងឡាយ​ធម្មបាល​កុមារ​នោះ បាន​ចេះ​ទាំង​ភាសា​បក្សី ទាំងពួង​ផង ហើយ​បានជា​អាចារ្យ​សម្ដែង​មង្គល ផ្សេងៗ​ដល់​មនុស្ស​ទាំងពួង​ផង​។ គ្រានោះ​មនុស្សលោក​រមែង​រាប់អាន​ព្រះមហា​ព្រហ្ម និង​កុ​បិ​ល​មហាព្រហ្ម ១​អង្គ​ទៀត​ដែលជា​អ្នក​សម្ដែង​មង្គល​ដល់​មនុស្ស​ទាំងពួង​។ ពេលនោះ​កុ​បិ​ល​មហាព្រហ្ម បាន​ជ្រាប​ព័​ត៌‌​មាន​ក៏​ចុះមក​សួរ​បញ្ហា និង​ធម្មបាល​កុមារ ៣ "​ខ​" ដោយ​សន្យា​ទុក​ថា បើ​ដោះប្រស្នា​បាន​នឹង​កាត់​ព្រះ​សិរ​ទ្រង់​ដើម្បី បូជា​ចំពោះ​ធម្មបាល​កុមារ​តែបើ​ដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ​។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារពេល​ចំនួន ៧​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​។

លុះ​កន្លងទៅ ៦​ថ្ងៃ​ហើយក៏​នៅតែ​គិត​មិនឃើញ​ដឹងខ្លួន​ថា​ព្រឹក​នេះ​នឹង ត្រូវស្លាប់​ដោយ​អាជ្ញា​កុ​បិ​ល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ​។ ដូច្នេះ គួរតែ​រត់ ទៅ​លាក់ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួនឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅ ក្រោម​ដើម ត្នោត​មួយគូ ដើមត្នោត​នោះ សត្វ​ឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ វេលាយប់​ឥន្ទ្រី​ញី​សួរ​ឥន្ទ្រី​ឈ្មោល​ថា ព្រឹក​នេះ​យើង​បាន​អាហារ​ពី​ណា​ស៊ី​? ឥន្ទ្រី​ឈ្មោល​ឆ្លើយថា យើង​នឹង​ស៊ីសាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កុ​បិ​ល​មហាព្រហ្ម​សម្លាប់ ព្រោះ​ដោះប្រស្នា​មិន​រួច​។ ឥន្ទ្រី​ញី​សួរថា ប្រស្នា​នោះ​ដូចម្ដេច ? ឥន្ទ្រី​ឈ្មោល​ឆ្លើយថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅទីណា ? ត្រូវ​ឆ្លើយថា នៅមុខ ហេតុនេះ​ទើប​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹក​លប់មុខ ខ​១ ទៀតថា ថ្ងៃត្រង់​សិរី​ស្ថិតនៅ​ត្រង់ណា ? ត្រូវ​ឆ្លើយថា នៅ​ទ្រូង​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវយក​ទឹក​លាង​ទ្រូង ខ​១ ទៀតថា វេលា​ល្ងាច​សិរី​ស្ថិត​នៅទីណា ? ត្រូវ​ឆ្លើយថា នៅ​ជើង​ហេតុនេះ ទើប​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹក​លាង​ជើង​។ ធម្មបាល​កុមារ​បាន​លឺដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ​។

ព្រឹក​ឡើង​កុ​បិ​ល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បានលឺ​មក កុ​បិ​ល​មហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧​នាក់​ដែលជា បាទ​បរិ​ចា​វិកា​ព្រះឥន្ទ្រ មក​ប្រាប់ថា ឥឡូវ​បិតា​ត្រូវ​កាត់​ព្រះ​សិរ​ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ តែបើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើតជា​ភ្លើង​ឆេះ​ទាំង​លោកធាតុ បើ​បោះ​ទៅលើ​អាកាស​ភ្លៀង​នោះ​នឹង​រាំង បើ​ចោល​ក្នុង​មហាសមុទ្រ​នោះ​ទឹកនឹង​រីងស្ងួត​ហួត​អស់ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧​នាក់ យកពាន​មក​ទទួល​ព្រះ​សិរ​បិតា ថា​ហើយ​ព្រះអង្គ​ក៏​កាត់​ព្រះ​សិរ​ហុច ទៅ​ឲ្យ ព្រះ​នាង​ទុ​ង្សា​ជា​កូនច្បង ព្រះ​នាង​ទុ​ង្សា​ក៏បាន​យកពាន​មក​ទទួល​ព្រះ​សិរ​បិតា រួច​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ ៦០​នាទី​ទើប​អញ្ជើញ​ទៅ​ប្រតិស្ឋាន​ទុក ក្នុង​ម​ណ្ឌ​លេះ​នៅក្នុង​គុហា​គន្ធ​មាលី ភ្នំ​កៃលាស បូជា​គ្រឿង​ទិព្វ​ផ្សេងៗ ព្រះ​វិស្សកម្ម​ទេវបុត្រ ក៏​និមិត្ត​រោង​ទិព្វ​ធ្វើ​ពី​កែវ ៧​ប្រការ ឈ្មោះថា "​ភគ វ​តី​សភា​" ឲ្យ​ជាទី​ប្រជុំ​នៃ​ទេវតា​លុះដល់​គម្រប់ ១​ឆ្នាំ​ជា សង្ក្រាន្ត​ត​នាង​ទេពធីតា​ទាំង ៧​ក៏​ផ្លាស់​វេន​គ្នា មក​អញ្ជើញ ព្រះ​សិរ​កុ​បិ​ល​មហាព្រហ្ម ចេញមក​ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុ​ជា​រៀងរាល់ៗ​ឆ្នាំ​ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​ដើម្បី​តម្កល់​វិញ​។

ចូលឆ្នាំខ្មែរ || អំពី​របាំ​ត្រុដិ


របាំ​ត្រុដិ ជា​របាំ​ប្រពៃណី​ដែល​ត្រូវ​បាន​លើក​យក​មក​សម្ដែង​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ ឆ្នាំ ហើយ​របាំ​នេះ​មាន​ប្រជាប្រិយភាព​មួយ ដោយ​សារ​ការ​ទាក់​ទាញ​លើ​បទ​ចម្រៀង​និង​មាន​តួ​អង្គ​សម្ដែង​បង្កប់​អត្ថន័យ​ ជា​សាច់​រឿង​ដ៏​គួរ​ឲ្យ​ជក់​ចិត្ត។ របាំ​ត្រុដិ​មាន​ប្រវត្តិ​ចេញ​ពី​ជន​ ជាតិ​ដើម​ភាគ​តិច​សំរ៉ែ តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ របាំ​នេះ​ជា​មរតក​បន្ត​វង្ស​ជន​ជាតិ​ដើម​ភាគ​តិច​សំរ៉ែ​ដែល​ជា​ចំណែក​មួយ​នៃ ​អារ្យធម៌​អំបូរ អូស្រ្តូអាស៊ី​យាង។ អំបូរ​នេះ​បាន​ចាប់​យក​កំណើត​នៅ​ត្រង់​ទឹក​ដី​នៃ​ប្រទេស ​កម្ពុជា​សព្វ​ថ្ងៃ​តាំង​ពី​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ហើយ​បានរក្សា​ប្រពៃណី វប្បធម៌​របស់​ខ្លួន​រហូត​មក​ទល់​សព្វ​ថ្ងៃ។
តាម​ជំនឿ​គេ​លេង​របាំ​ត្រុដិ​ដើម្បី​បណ្តេញ ​ឧបទ្រព​ចង្រៃ​ក្នុង​ឆ្នាំ​ចាស់ និង​នាំ​មក​នូវ​ភាព​សម្បូរ​សប្បាយ​ប្រកប​ដោយ​សុភមង្គល​សម្រាប់​ឆ្នាំ​ថ្មី ។ ជា​ទូទៅ​ការ​សម្តែង​របាំ​ត្រុដិ​នេះ​ច្រើន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ព្រោះ​ពាក្យ «ត្រុដិ» នេះ​គឺសំដៅ​ដល់​ពេល​ដែល «ឆ្នាំ​ចាស់​ដាច់​ដើម្បី​ត្រាច់​ចូល​ឆ្នាំថ្មី» ហើយ​អ្វី​ដែល​ជា​ជំនឿ​ដែរ​នោះ​គឺ​ប្រសិន​បើ​យើង​មិន​បាន​ប្រារព្ធ​ពិធី​ បុណ្យ​ឆ្លង​ឬ​មិន​ចូល​រួម​អបអរសាទរ​ជាមួយ​របាំ​នេះ​ដោយ​​ប្រការ​ណា​មួយ​អាច​ នាំ​មក​នូវ​អំពើ​ទុក្ខ​សោក​ជាក់​ជា​មិន​ខាន ។
ខាងក្រោមនេះជាចម្រៀងត្រុដិ៖

សេច​ក្តី​សុខ​អ្នក​គ្រប់​គ្រង​ផ្ទះ​

" ទោះ​មាន​ទ្រព្យ​ប៉ុណ្ណា​ បើ​ក្នុង​ចិត្ត​មិន​ចេះ​គ្រប់​គ្រាន់​ទេ​ ឈ្មោះ​ថា​ នៅ​ក្រ​រហាម​ជា​និច្ច "

សេច ​ក្តី​សុខ​របស់​យើង​អ្នក​គ្រប់​គ្រង​ផ្ទះ​មាន​ ៤​ ប្រការ​ដែល​ព្រះសម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ ហើយ​យើង​ត្រូវតែធ្វើឲ្យ​បាន​គឺ៖

១. អត្ថិ​សុខ​ សុខ​កើត​អំ​ពី​ការ​មាន​ទ្រ​ព្យ​
២. ភោគ​សុខ​ សុខ​ចេះ​ប្រើ​ប្រាស់​ចាយ​វាយ​ទ្រព្យ​
៣. អនណសុខ​ សុខ​មិន​ជំពាក់​បំណុល​គេ​
៤. អនវជ្ជ​សុខ​ សុខ​ការងា​រ​ប្រាស​ចាក​ទោស​។

នេះ​ជា​សេច​ក្តី​សុខ​ ៤​ប្រការ​ សម្រាប់​យើង​ជាគ្រហស្ថ​ដែល​ព្រះ​សម្ពុទ្ធទ្រង់​ជា​សព្វ​ញ្ញូ​ ទ្រង់​ជា្រប​ច្បាស់​នូវ​សច្ច​ធម៌​ ប្រកាស​សម្តែង​ជា​ប្រយោ​ជន៍​ដល់​យើង​ មាន​អធិប្បាយ​ថា​៖

អតិ្ថសុខ បានសេចក្តី ​ថា​ យើង​ជា​អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ​ ការ​មាន​ទ្រព្យ​ចាត់​ជា​សេចក្តី​សុខ​មួយ​យ៉ាង​សំខាន់​ ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន​ គ្រប់​ពេល​វេលា​ បើ​មិន​មាន​ទ្រព្យ​ហើយ​ សេចក្តី​សុខ​ក៏​គ្មាន​ដែរ​ តែ​ក៏គប្បី​យល់​ដែរ​ថា​ ការ​បាន​ទ្រព្យ​នោះ​មិន​មែន​បាន​មក​ដោយ​ងាយ​ៗ​ឬ​ ដោយ​លួច​ ប្លន់​ ឆក់​ដណ្តើម​ កេង​ប្រវ័ញ្ច​នោះ​ទេ​ ត្រូវ​តែ​ព្យាយាម​ពោល​គឺ​សេចក្តី​ខ្នះ​ខ្នែង​ដោយ​កម្លាំង​ដៃ​ មាន​ញើស​ហូរ​ចេញ​មាន​ជំនាញ​ក្នុងការ​ងារ​រកស៊ី​គ្រប់​មុខ​ ឬ​មានរបរ​ណា​មួយ​ដែល​សមត្ថភា​ព​យើង​អាច​ធ្វើ​បាន​ ហើយ​ទ្រព្យ​នោះឯង​ យើង​តែង​បាន​មក​ដោយ​ធម៌​សុច​រិត​ទៀង​ត្រង់​ ធ្វើ​ឲ្យ​យើង​មាន​សុខ​សោមនស្ស​ថា ទ្រព្យ​ទាំងឡាយ​ ដែល​បាន​មក​ដោយ​សេចក្តី​ព្យាយាម​របស់​យើង​ ជា​ទ្រព្យ​ប្រកប​ដោយ​ធម៌​ បាន​មក​ដោយ​ធម៌​ របស់​អត្មា​អញ​ មិន​មែន​បាន​មក​ដោយ​ទុច្ចរិត​នោះ​ទេ​ នេះ​ហៅថា​ អត្ថិសុខ

ភោគសុខ​ មាន​ន័យ​ថា​ សុខ​កើត​ពី​ការ​ចេះ​ប្រើ​ប្រាស់​ចាយ​វាយ​ទ្រព្យ​ ដែល​ខ្លួន​រក​បាន​មក​នោះ​ ត្រូវ​បែង​ចែក​ទៅ​ក្នុង​ផ្លូវ​ជា​កុសល​ដូ​ច​ចិញ្ចឹម​មាតា​បិតា​ បុត្រ​ភរិយា​ ទាសា​ទាសី​ កម្មករ​ដែល​រួម​រស់​ក្នុង​បន្ទុក​របស់​ខ្លួន​ ឲ្យ​មាន​សេចក្តី​សុខ​ ព្រោះ​អាស្រ័យ​ទ្រព្យ​ដែល​ខ្លូន​មាន​នោះ​ ។​ ម៉្យាង​ទៀត​ ចេះ​ចែក​ធ្វើ​បុណ្យ​​ ។​ ត្រូវ​ចៀសវាង​យ៉ាង​ដាច់ខាត​ នូ​វ​ការ​ប្រើ​ប្រាស់​ទ្រព្យ​ក្នុង​ផ្លូវ​ខុស​គឺ​ ចំណាយ​ទៅ​លើ​ស្រី​ ស្រា​ ល្បែង​ ជា​អំពើ​អបាយ​មុខ​ នាំ​ឲ្យ​វិនាស​ទ្រព្យ​សម្បត្តិ​ ។

អនណសុខ​ ជា​សេចក្តីថា​ សុខ​កើត​ពី​ការ​មិន​ជាប់​ជំពាក់​បំណុល​គេ​ ធម្មតា​អ្នក​ជាប់​បំណុល​គេ​ ទោះ​តិច​ក្តី​ច្រើន​ក្តី​តែង​មាន​សេចក្តី​ទុក្ខ​ព្រួយ​ខ្លាច​ក្នុង​ចិត្ត​ ជានិច្ច​ ក្រែង​ម្ចាស់​បំណុល​គេ​មក​តឿន​ទារ​ ។​ ឯ​អ្នក​មិន​ជាប់​បំណុល​នេះ​ តែ​មាន​សេចក្តី​សុខ​សោមនស្ស​ដូច្នេះ​ថា​ អាត្មា​អញ​មិន​ជំពាក់​បំណុល​ ទោះ​តិច​ក្តី​ច្រើន​ក្តី​ របស់​បុគ្គល​ណា​មួយ​ឡើយ​ នេះ​ហៅ​ថា​ អនណសុខ​​

អនវជ្ជសុខ
មាន​ន័យ​ថា​ សុខ​កើត​ពី​ការងារ​ប្រាស​ចាក​ទោស​ រាល់​ការងារ​ដែល​យើង​ប្រកប​ក្នុង​ការ​រកស៊ី​ចិញ្ចឹម​ជីវិត​សព្វ​ថ្ងៃ​ មាន​ការងារ​ខ្លះ​អាច​ផ្តល់​ទោស​កំហុស​ដល់​អ្នក​ធ្វើ​ដូច​ជា​ត្រូវ​ចូល​គុក​ ជាប់​ច្រវាក់​ និង​ត្រូវ​គេ​ដាក់​ទោស​ទណ្ឌកម្ម​ផ្សេងៗ​ ផល​ទាំងអស់​នេះ​ បណ្តាល​មក​ពី​ការងារ​មិន​សុចរិត​ ។​

បុគ្គល​អ្នក​ប្រាថ្នា​សេចក្តីសុខ​ ត្រូវ​វៀរចាក​ ការ​សម្លាប់​ ការលួច​ ឆក់​ ប្លន់​ កា​រ​ប្រព្រឹត្តខុស​ក្នុង​កាម​ និយាយ​ពាក្យកុហក​ ផឹក​ទឹក​ស្រវឹង​ ហើយ​បែរ​មក​ប្រកប​ធម៌​ល្អ​ មាន​ការ​ស្រឡាញ់​ចំពោះ​មនុស្ស​និង​សត្វ​ទូ​ទៅ​ រកស៊ី​ក្នុង​ផ្លូវ​សុចរិត​ ត្រេកអរ​តែនឹង​ភរិយា​របស់​ខ្លួន​ មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​គ្នា​នឹង​គ្នា​ចម្រើន​សតិ​វៀរ​ចាក​គ្រឿង​ស្រវឹង​ និង​ការងា​រ​ឲ្យ​ស្អាត​ដោយ​កាយ​ ដោយ​វាចា​ ដោយ​ចិត្ត​ ការ​ពិចារ​ណា​ឃើ​ញអំពើ​ដែល​ខ្លូន​ធ្វើ​សុទ្ធ​តែ​ល្អ​ ដូច្នេះ​ចិត្ត​ក៏​រមែង​ត្រេក​អរ​រីករាយ​អ្នក​ដទៃ​ក៏​រាប់​អាន​ស្រឡា​ញ់​ ចូលចិត្ត​ សេចក្តីសុខ​សោមនស្ស​ក៏​កើ​ត​ឡើង​ព្រោះ​ការងារ​មិន​មាន​ទោស​យ៉ាង​នេះ​ ។ ​

យើង​ជា​អ្នក​ស្រឡាញ់​កិត្តិយស​កេរ្តិ៍ឈ្មោះ​ យើង​ត្រូវ​តែ​ជា​អ្នក​មាន​កាយ​កម្ម​សុចរិត​ វចីកម្មសុចរិត​ មនោកម្ម​សុចរិត​ ។ នៅ​ក្នុង​អដ្ឋ​កថា មនោរថបូរណី អដ្ឋកថាចារ្យ​សម្តែង​ថា​ សុខ​បី​ខាង​ដើម​មិន​បាន​ចម្រៀក​ទី​១៦​ នៃ​សុខ​ ដែល​កើត​អំពី​ការងារ​ប្រាស​ចាក​ទោស​ឡើយ​ ។​

ព្រោះ​ហេតុ​នេះ​ សូម្បី​តែ​យើង​មិន​មាន​ទ្រព្យ​សម្បត្តិ​ជា​សុខ​ក៏​ដោយ​ ក៏​យើង​មិន​ត្រូវ​ទៅ​ធ្វើ​អំពើ​លាមក​មានការ​លួច​ប្លន់​ជាដើម​ឡើយ​ យើង​ត្រូវគិត​ឃើញ​ថា​ ទ្រព្យ​ដែល​មាន​វា​​កើត​មក​អំពី​បុណ្យ​ បើ​យើង​ខ្វះបុណ្យ​ហើយ​ តើ​ទ្រព្យ​សម្បត្តិ​បាន​អំពី​ទីណា​ ។ កាល​ណា​យើង​ក្រ​ យើ​ង​មិន​ត្រូវ​រវើ​រវាយ​ចិត្ត​ពេក​ទេ​ ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ ហើយ​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ ដោយ​បញ្ញា​របស់​យើង​​ ។​

នៅ​ក្នុង​សុត្ត​ន្ត​បិដក​ ខុទ្ទកនិកាយ​ ថេរ​គាថា​ ព្រះ​សីលវត្ថេរ​ពោល​ថា​៖​

សីល​មេ​វិធ​ សិក្ខេ​ថ​ អស្មឹ​ លោកេ​ សុសិកិ្ខតំ សីល​ ហិ សព្វសម្បត្តឹ​ ឧបនាមេកិ សវិតំ​។
បុគ្គល ​គប្បី​សិក្សា​នូវ​សីល​ឲ្យ​ជា​សីល​ ដែល​ខ្លួន​សិក្សា​ល្អ​ហើយ​ ក្នុង​លោក​នេះ​ ព្រោះ​ថា​ សីល​ដែល​បុគ្គល​សេពល្អ​ហើយ​ រមែ​ង​បង្អោន​មក​នូវ​សម្បត្តិ​ទាំងពួង​ ។

សីលំ រក្ខេយ្យ​ មេធាវី បត្ថយានោ​ កយោ​ សុខេ​ បសំសំ​ វិត្តិលោភញ្ច​ បេច្ច​ សគ្គេ​ បមោ​ទនំ​ ។
ជន ​អ្នក​មាន​ប្រាជ្ញា​ កាល​ចង់​បាន​ នូវ​សេចក្តី​សុខ​បី​យ៉ាង​ គឺ​ការ​សរសើ១​ ការ​បាន​នូវ​សេចក្តី​ត្រេក​អរ​១​ ការលះលោកនេះ​ទៅ​ហើយ​ រីករាយ​ក្នុង​ស្ថាន​សួគ៌​១​ គប្បី​រក្សា​នូ​វ​សីល​ ។​

មាន ​សំនួរ​សួរ​ថា​ ហេតុអ្វី​បាន​ជា​ព្រះ​ថេរ​ពោល​ថា​ អ្នក​មាន​សីល​តែង​មាន​ទ្រព្យ​សម្បត្តិ​ ឆ្លើយ​ថា​ អ្នក​មាន​សីល​ជា​អ្នក​មិន​ប្រមាទ​ក្នុង​កិច្ច​ការ​ងារ​ទាំង​ពួង​ ។​ បុគ្គល​ដែល​ជា​អ្នក​មាន​សីល​ទោះ​ធ្វើ​ការ​អ្វី​ ក៏​ជា​អ្នក​ធ្វើ​ដោយ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ជាអ្នក​មិន​ធ្វេស​ប្រហែស​ឡើយ​ ព្រោះ​ថា​ មនុស្ស​មាន​សីល​ជា​អ្នក​មាន​​នូវ​ អប្បមាទ​ធម៌​ក្នុង​ខ្លួន​ ធ្វើ​ការ​ជា​អ្នក​ប្រាកដ​ប្រ​ជា​ពេល​សម្រាក​ដឹង​នូវ​ពេល​សម្រាក​មិន​ដើរ​លេង ​ មិន​ខ្ជី​ខ្ជា​ការងារ​ ស្ថិត​នៅ​ក្នុង​ទី​ណា​ ក៏គេ​ស្រឡាញ់​រាប់អាន​គ្រប់​ៗ​គ្នា​ ។ ដោយ​មាន​ធម៌​ក្នុង​ខ្លួន​គឺ​ការ​មិន​ធ្វេស​ប្រហែស​នេះ​ហើយ​ ទើប​បាន​ទទួល​លទ្ធ​ផល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ និង​ញាតិ​មិត្ត​ជិតខាង​ច្រើន​​ ។​ មនុស្ស​ជា​កល្យាណ​មិត្ត​តែង​រាប់រក​មនុស្ស​ដែល​ជា​អ្នក​មាន​សីល​ ទោះ​បី​យើង​ខាត​ជំនួញ​ជួញ​ដូរ​អ្វី​មួយ​ ក៏​មនុស្ស​ដែល​ជា​កល្យាណ​មិត្ត​ដ៏​ល្អ​របស់​យើង​ នឹង​ជួ​យ​ដោះ​ទុក្ខ​ឲ្យ​រួច​ផុត​ពី​ភាព​លំបាក​នោះ​បាន​ដែរ​​​ ។ ព្រោះ​ហេតុនោះ​ អ្នក​មាន​សីល​តែង​មាន​នូវ​ទ្រព្យ​ និង​កិត្តិយស​ល្អ​ ព្រម​ទាំង​​សេចក្តី​សរ​សើរ​ពី​ញាតិ​មិត្ត​បង​ប្អូន​គ្រប់ៗ​កាល​ ។​

អធនស្សុ រសង្ខាទា​ អពលស្ស​ ហតា​ នរា​ អបញ្ញស្សុ វាក្យាកថា ឧម្មត្តកសមា​ ឥមេ ។
ជន​អ្នកខ្សត់​ចង់​ស៊ី​រស​ខ្ពស់ខ្ពង់  ជនអ្នក​អត់​កម្លាំង​ចង់​ចម្បាប់​
ជន​អ្នក​ឥត​បញ្ញា​ចង់ថ្លែង​ស័ព្ទ   ជនបីនេះ​រាប់ទុក​សើ្ម​ឆ្កួត​ ។

អ្នកអត់​ធន​ធាន​     ចង់​ទទួល​ទាន​     រស​ឆ្ងាញ់​លើស​លែង​
ជន​ឥត​កម្លាំង​     ចង់​តាំង​ប្រឡែង​       ចម្បាប់​ទាត់ប៉ែង
សម្តែង​អំនួត​ ។

ជនឥត​ប្រាជ្ញា​     ល្មោភ​ថ្លែង​ចរចា​      ប្រាថ្នា​គេ​អួត​
ជន​បី​នេះ​ប្រើ​          ទុក​ស្មើ​គេ​ឆ្កួត​      ព្រោះ​ឡើង​អំនួ​ត​
​​​​​​​​​​​​​​​​​​​​​​     លោ្មភ​ហួស​ប្រមាណ​។

ដកស្រង់​ចេញពី​សៀវ​ភៅ​ ចិញ្ចឹមកូនតាមគន្លងធម៌ ។

ប្រភពពីៈ ៥០០០ឆ្នាំ

ប្រវត្តិនិងជំនឿ លើនំអន្សម ក្នុងសង្គមខ្មែរ

តាមវចនានុក្រម របស់សម្តេចសង្ឃ ជួន ណាត បានឲ្យដឹងថា អន្សម គឺជាឈ្មោះនំធ្វើ ដោយអង្ករដំណើប ខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលរលស្មើ ចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំង ក៏មាន។ អន្សម មានច្រើនប្រភេទគឺ អន្សមចេក ជាអន្សម ដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នូល។ អន្សមជ្រូក គឺ ដាក់សាច់ជ្រូកជាស្នូល។ អន្សមដូង គឺដាក់ខ្ទិះដូងឬសាច់ដូងទុំកោសលាយផង។ អន្សមអាំង ជាអន្សមដែលចម្អិន ដោយអាំង។ល។
នំអន្សមនេះ មានវត្តមាននៅក្នុងសង្គមខ្មែរ តាំងពីបុរាណសម័យមកហើយ ។ នំនេះ គេឃើញមាននៅក្នុង ពិធី បុណ្យទានរបស់ខ្មែរនានា ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យចូលឆ្នាំ ជាពិសេសក្នុង ពិធីបុណ្យភ្ជុំបិណ្ឌ។ យោងតាមឯកសារ មួយចំនួនបានឲ្យដឹងថា ក្នុងសម័យ ព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជា ប្រកាន់សាសនា ព្រហ្មញ្ញ ហើយរបស់ប្រើប្រាស់ និងសម្ភារៈភាគច្រើន តែងតែមានទំនាក់ទំនងនឹង សាសនាតួយ៉ាង នំអន្សម នេះជាដើម ។
ក្នុងសាសនាព្រហ្មញ្ញ នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ឬព្រះសិវៈ។ ចំណែកឯនំគម គឺតំណាង ឲ្យយោនី (ប្រដាប់ភេទ) នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ លិង្គព្រះឥសូរ គេធ្វើពីថ្មរឹងមានរាង៤ជ្រុង ៦ជ្រុង និង៨ជ្រុងក៏មាន ដែលគេតែងឃើញ លិង្គព្រះឥសូរដាក់ ពីលើយោនីនាងឧមា ឬនាងទួគ៌ា។ ម្លោះហើយ ទើបខ្មែរ យើងតែងតែឃើញនំ អន្សមនេះ ក្នុងពិធីបុណ្យទាន អមជាមួយនឹង “នំគម” ដែលជានំប្រពៃណីខ្មែរផងដែរ។
តាមឯកសាររបស់លោកបណ្ឌិត មីសែល ត្រាណេ ជំនាញខាងបុរាណវិទ្យា បានឲ្យដឹងថា ព្រះសិវៈ ឬព្រះឥសូរ នេះ គឺជាទេវតាចម្បងមួយអង្គក្នុងចំណោមទេវៈចម្បងទាំង៣ នៃទ្រីស្តីត្រីម៌ូតិ ដែលមាន ក្នុងលទ្ធិព្រហ្មញ្ញ សាសនា។ យោងលើប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅដើម ស.វ.ទី១ នៃគ.ស. បានបញ្ជាក់ថា ប្រជានុរាស្ត្រខ្មែរ នាសម័យបុរាណនោះ មានការពេញ និយមព្រះអាទិទេព អង្គនេះជាងព្រះអាទិ ទេពផ្សេងៗឯទៀត ដែលសុទ្ធសឹងតែមានប្រភព មកពីឥណ្ឌាទាំងអស់។ បើនិយាយមួយបែបទៀត ក្នុងការគោរពបូជាលទ្ធិព្រហ្មញ្ញ ខ្មែរខ្លះចូលចិត្ត ព្រះព្រហ្ម ខ្លះទៀតព្រះនារាយណ៍ (ព្រះវិស្ណុ, ពិស្ណុ) ក៏ប៉ុន្តែជាទូទៅការនិយមបេតីប្រតិបត្តិព្រះសិវៈ ឬព្រះឥសូរនេះ គឺមានកម្រិតខ្ពស់ ជាងព្រះ អាទិទេពផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ទន្ទឹមនឹងនេះ ក៏យើងបានសង្កេតឃើញមាន ការគោរពបូជាព្រះពុទ្ធ សាសនាផងដែរ។
ម៉្យាងទៀត រូបចម្លាក់លោតបុរេអង្គរជាច្រើន ទាក់ទងនឹងចម្លាក់ព្រះសិវៈក្រោមរូបភាពជានិមិត្តសញ្ញា គឺព្រះលិង្គ ដែលជាទម្រង់លក្ខណៈ ឬក៏ចំណែកមួយនៃសារព៌ាង្គកាយ របស់ព្រះសិវៈ ដែលបង្ហាញ ឲ្យឃើញនូវអាទិភាពព្រះអាទិទេពអង្គនេះក្នុងសង្គមខ្មែរ ។ចម្លាក់នៃព្រះអាទិទេពចម្បង ខាងលើនេះ មានភាពសម្បូរបែប តាំងពីសម័យបុរេអង្គរ (មុនសម័យអង្គរ) ម្ល៉េះ ជាពិសេស ចម្លាក់មានរូបរាង មនុស្ស មានផ្នួងសក់ ហើយមានកាន់ខ្សែ ផ្គាំនៅលើដៃ និងមនុស្សមានភ្នែកបី លំអដោយចំណិត ព្រះច័ន្ទលើផ្នួងសក់ និងគ្រឿងអលង្ការជាដើម។ ពាក់ព័ន្ធនឹងប្រវត្តិរបស់ព្រះអាទិទេពអង្គនេះ យើងក៏អាចដឹងទៀតថាព្រះសិវៈមានព្រះអគ្គមហេសីពីរព្រះអង្គ គឺព្រះនាងឧមា និងព្រះនាងគង្គា (ទូគ៌ា) ។ គេក៏បានបន្ថែមទៀតថា តាមព្រះសកម្មភាពផ្សេងៗ ក្នុងប្រវត្តិ ព្រះ មហេសីរបស់ទ្រង់ អាចមានព្រះនាមផ្សេងៗឯទៀត ដូចជា កាលីទុគ៌ាជាដើម និងមានព្រះរាជបុត្រពីរ គឺព្រះស្កន្ន និងព្រះគណេស។គប្បីរំលឹកឡើងវិញផងដែរថា ការឆ្លាក់លិង្គព្រះឥសូរ (សិវៈ) តម្កល់លើយោនីនាង ឧមា ឬនាងទូគ៌ា នេះបានក្លាយទៅជាប្រពៃណី ដែលវិចិត្រករខ្មែរយើង សម័យអង្គរបានត្រាប់តាម ហើយនា សម័យអង្គរ នោះដែរត្រីសូល៌មុខ៣ក៏ជាអាវុធឬក៏ជាវត្ថុស័ក្តិសិទ្ធិរបស់ពួកព្រាហ្មណ៍ និកាយសិវៈផង។នេះជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ព្រះឥសូរ នាសម័យនគរភ្នំ ដុះចេញពីបេះដូង និងមនោសញ្ចេតនាដ៏ស្មោះ ស្ម័គ្រចំពោះព្រះសិវៈ។ ទង្វើនេះក៏ជាលទ្ធផលនៃ ការជះឥទ្ធិពលឲ្យ ទាំងចក្រភពភ្នំ ប្រកបដោយសច្ចៈភាពស្គាល់ អំពើល្អ អាក្រក់ បង្ហាញដល់មនុស្សផងទាំងឡាយ ឲ្យស្គាល់ផ្លូវនាំទៅកាន់ភាពស្ងប់ចិត្ត។ ម្យ៉ាងវិញទៀត ជំនឿនេះ ក៏ប្រាកដជាបានផ្តល់នូវ សក្តានុពលដ៏សំខាន់ ខាងសីលធម៌ សម្រាប់សង្គមជាតិ នាសម័យបុរាណ នោះដែរ ។
និយាយជារួម ជំនឿ សាសនា ដែលជនជាតិខ្មែរជឿ និងប្រកាន់យកសព្វថ្ងៃ បើគេសិក្សាឲ្យបាន ច្បាស់លាស់ គឺមិនមែនប្រកាន់យក តែព្រះពុទ្ធសាសនា សុទ្ធសាធនោះទេ មានលាយឡំ ជាមួយ ជំនឿដើម និងព្រហ្មញ្ញ សាសនាផងដែរ។ ឧទាហរណ៍ៈ បើយើងនិយាយពី វត្តអារាមនៅ ប្រទេសកម្ពុជា គឺប្រជាជនខ្មែរទូទៅយល់ថា ជាវត្តអារាមរបស់ ព្រះពុទ្ធសាសនា ។ ប៉ុន្តែនៅក្នុង បរិវេណវត្តនោះ មានខ្ទមអ្នកតា គឺជាជំនឿដើមរបស់ ជនជាតិខ្មែរ ដែលជឿលើ ព្រលឹងដែលមិន សាបសូន្យ ទោះបីរូបរាងកាយ ស្លាប់បាត់បង់ក៏ដោយ ។ ចំណែកព្រះសង្ឃ ចេះមន្តអាគមគាថា ចេះព្យាបាលជំងឺ ស្រោចទឹកបណ្ដោះគ្រោះជាដើម គឺជាសាសនាព្រាហ្មញ្ញ ។ជាក់ស្តែង ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យទាក់ទងនឹង ព្រះពុទ្ធសាសនា ប៉ុន្តែការវេចនំអន្សម និងនំគម យកទៅវត្តនោះ គឺទាក់ទងនឹងជំនឿ របស់ព្រហ្មញ្ញសាសនា ទៅវិញទេ ៕

 

 


ប្រភពពី Lookingtoday

បុណ្យ​ភ្ជុំ​បិណ្ឌ​

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា ​ខ្មែរ​នា​អតីតកាល​ក៏ដូចជា​បច្ចុប្បន្ន​ដែរ រមែង​តែង​ប្រារព្ធ​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​ដោយ​មាន​ម្ហូបអាហារ ស្បង់​ស្បៃ សំពត់ នា​រនោច​នៃ​ខែ​ជា​រៀងរាល់ថ្ងៃ​ពី​ថ្ងៃ​ទី​១ រោច ដល់​ថ្ងៃ​ទី ១៥​រោច នៅក្នុង​ខែភទ្របទ  (ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា)។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។ ចំណែក​កាលបរិច្ឆេទ​ពិតប្រាកដ​គឺ​ពឹង​ផែ្អ​កលើ​ប្រតិទិន ចន្ទគតិ​ទាំងស្រុង​។​
នៅ​ក្នុង​កំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ប្រជាជន​ខែ្មរ​តែងតែ​នាំគ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ សង្ឃ​នៅ​វត្ត ហើយ​ដើម្បីឲ​ព្រះសង្ឃ​ជួយឧ​ទ្ទិស​ចំពោះ​វិញ្ញាណក្ខន្ត​អ្នក​ដែល​បាន​ស្លាប់ ដូចជា​ជីដូន ជីតា សាច់ញាតិ មនុស្ស​ជា​ទីស្រលាញ់ ព្រមទាំង​មិត្ត​ភ័ក្តិ​ជាដើម ឲ​មក​ទទួលយក​ចំណី​អាហារ​ដែល កូនចៅ​បាន​ធ្វើ​បុណ្យ​។ ដោយ​ហេតុ​ដូច្នេះ​ហើយ ទើប​នៅ​តាម​ទី​វត្ត​អារាម​ទាំងឡាយ​មាន​សភាព អ៊ូរ​អរ ទៅ​ដោយ​មនុស្សម្នា​ជាច្រើន​។​
​កំណត់ចំណាំ​
​ព្រលឹង​ខ្មោច ដែល​អត់ឃ្លាន គឺជា​អាត្ម័ន​ដែល​មាន​ស្ថិតនៅលើ​លោក​យ៉ាង​ពិតប្រាកដ​នៅក្នុង (​កង់​ជីវិត​) ខ្មោច​ឃ្លាន រឺ​ហៅ​ថា (​ប្រេត​) ន័យ​ជា​ភាសា​សំ​ស្ក្រិត គឺជា​សត្វ​កើត​ក្នុង​ឧបាយ​ភូមិ​ពួក​មួយ ដែល​មាន​ពោះ​ទទេ និង​មាន​មាត់​ស្រួច​ដូច​ម្ជុល ក​វែង មិន​អាច​លេប​បាន ។​ដូច្នេះ​ធ្វើឲ​ប្រេត​ទាំងឡាយ​នៅ​តែ​ស្រែក​ឃ្លាន​ដដែល ហើយ​មូលហេតុ​ដែល​នាំ​ឲ​មាន​ប្រេត​ដូច្នេះ គឺ​មកពី​មនុស្ស​ទាំង​នេះ​កាលពី​នៅរស់​ប្រកបដោយ​ការ​ច្រណែនឈ្នានីស​ចំពោះ​អ្នក​ដទៃ​ -ល-។​ ដូច្នេះហើយ ទើប​ប្រជាជន​នាំគ្នា​បោះ​បាយបិណ្ឌ​នៅតាម​របង​ព្រះវិហារ​វត្ត ដើម្បី​ឲ​ពួក​ប្រេ​ត​ទាំងនេះ អាច​មក​ទទួល​ចំណី​បាន​៕
Tom Nounh Pret Khmer || download