Showing posts with label រឿងនិទានខ្មែរ. Show all posts
Showing posts with label រឿងនិទានខ្មែរ. Show all posts

រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​

រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​
( ចាក​ ធ. ខុ. )
( អ្នក​ធ្វើ​បាប​គេ​ ត្រូវ​គេ​ធ្វើ​បាប​ខ្លួន​វិញ​ )

មាន ​ស្រ្តី​ម្នាក់​ជា​ស្ត្រី​​ដែល​​ឥត​កូន​ ខ្លាច​ក្រែង​ប្តី​យក​ប្រពន្ធ​មួយ​ទៀត នឹង​ត្រួត​ត្រា​លើ​ខ្លួន​ នាង​ក៏​ទៅ​ដណ្តឹង​ស្ត្រី​ម្នាក់​មកឪ្យ​ធ្វើ​ជា​ប្រ​ពន្ធ​របស់​ប្តីដោយ​ខ្លួន ឯង​ ដើម្បី​ឪ្យ​ប្រ​ពន្ធ​ក្រោយ​នៅ​ក្រោម​អំណាច​ខ្លួន ។

លុះ​គេ​មាន​គភ៏​ ក៏​ផ្សំ​ថ្នាំ​ឪ្យ​គេ​​ស៊ី​ រលូត​គភ៏​ដល់​ទៅ​ពីរ​ដង​ ម្តង​ក្រោយ​ទៀត​ជា​គំ​រប់​ទី​បី ប្រ​ពន្ធ​ចុង​ក៏​ស្លាប់​ទាំង​កូន​ក្នុង​ពោះ​។ វេលា​ទៀប​នឹង​ស្លាប់​នោះ​ បាន​ចង​ពៀរ​នឹង​គ្នា​ថា​ "​ បើ​អញ​ទៅ​កើ​ត​ជា​អ្វី​ ៗ ក៏​ដោយ​ សូម​ឪ្យ​បាន​ស៊ី​កូន​វា​វិញ​​កុំ​ខាន " ។

លុះ​ប្រពន្ធ​ចុង​ស្លាប់​ហើយ​ ប្តី​បាន​ដឹង​ហេតុ​នោះ​ ក៏​វាយ​ប្រពន្ធ​ដើម​ជា​ដំណំ មិន​យូរ​ប៉ុន្មាន​នាង​ក៏​ស្លាប់​ទៅ​ រៀប​នឹង​ស្លាប់​បាន​ចង​ពៀរ​ដូច​គ្នា ។ ឯ​ភរិយា​ដែល​ចង​ពៀរ​នឹង​គ្នា​នោះ​ ទៅ​មុខ​ទៀត​​គឺ ៖

ជាតិ​ទី​ ១ ប្រ​ពន្ធ​ចុង​ជា​មេ​ឆ្មា ប្រ​ពន្ធ​ដើម​ជា​មេ​មាន់ ។
ជាតិ​ទី ២ ប្រពន្ធ​ចុង​ជា​មេ​ម្រឹក ប្រ​ពន្ធដើម​ជា​ខ្លា​ដំ​បង ។
ជាតិ​ទី ៣ ប្រ​ពន្ធ​ចុង​ជា​យក្ខិនី ប្រ​ពន្ធ​ដើម​ជា​កុល​ធី​តា ។ស៊ី​តែ​កូន​គ្នា​ទៅ​វិញ​ទៅ​មក​រាល់​ៗ ជាតិ ។

ក្នុង​ជាតិ​ទី​បី ​ប្រ​ពន្ធ​ចុង​ដែល​កើត​ជា​យក្ខិនី​ ស៊ី​កូន​ប្រ​ពន្ធ​ដើម​ ដែល​កើត​ជានាង​កុល​ធីតា​ដល់​ពីរ​ដង​ វេលា​ដែល​ប្រារព្ធនឹង​ស៊ី​ជា​លើក​ទី​ បី នាង​កុល​ធីតា​ក៏​នាំ​កូន​ខ្ចី​រត់​ចូល​ទៅ​ឯ​វត្ត​ជេត​ពន ក្នុង​វេ​លា​ដែល​ព្រះ​សម្មាសម្ពុទ្ធ ជា​ម្ចាស់​កំ​ពុង​សម្តែង​ធម៏​ កណ្តាល​ប្រ​ជុំ​ពុទ្ធ​បរិស័ទ នាង​កុល​ធីតា​ក៏​យក​កូន​ទៅ​ដាក់​ក្បែរ​ព្រះបាទ​ថ្វាយ​ ព្រះ​អង្គ​ ។
ក្នុង ​ខណៈ​នោះ​នាង​យក្ខិនី​ក៏​រត់តាម​មក​ទាន់ ។ ព្រះ​អង្គ​មាន​ព្រះ​ពុទ្ធ​ដីកា​ថា​ " នែក​នាង​ទាំង​ឡាយ​ ! ត្រូវ​ឈប់​ចង​ពៀរ​នឹង​គ្នា​ទៅ​ ត្បិត​អំពើដែល​នាង​ចង​ពៀរ​នឹងគ្នា​នេះ ​បើប្រ​សិន​ណា​ជា​មិន​បាន​ជួប​នឹង​ តថាគត​ទេ ពៀរ​នេះ​មុខ​ជា​នឹង​មិន​ចេះចប់​នៅ​តែចង​ពៀរ​គ្នា​រហូត​ដល់​អស់​ ១ កប្ប នេះ​មិន​ខាន ប៉ុន្តែឥ​ឡូវ​នេះ​ នាង​ទាំងងពីរ​នាក់​បាន​មក​ជួប​នឹង​ តថាគត​ ហើយ​ឈប់​ចង​ពៀរ​នឹងគ្នា​ទៀត​ទៅ​ ពៀរ​នេះ​នឹង​រលត់​អស់​ត្រឹម​នេះ " ។

ស្រ្តី​ទាំង​ពីរ​នាក់​នោះ​ ក៏​លែង​ចង​ពៀរ​នឹង​គ្នា​តាំង​ពី​ថ្ងៃ​នោះ​មក​ត្រ​ឡប់​ជា​មាន​​ចិត្ត​ស្នេហា​ ស្រ​ឡាញ់​គ្នា​ត​ទៅ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ប្រ​ជុំនិទាន​ជាតក

ប្រភពពីៈ ៥០០០ឆ្នាំ

រឿងកែវមក៌ត​

រឿងកែវមក៌ត​
( ចាក រ. វ. ) ​
( ព្រះកែវ​មក៌ត​ ជាមក៌ត​របស់​ប្រទេស​កម្ពុជា ) ​


ព្រះ ​កែវ​មក៌ត ​កើត​ឡើង​ក្នុង​ព.ស.៥០០​ កើត​ដោយ​អានុភាព​របស់​ព្រះនាគ​សេនត្ថេរ​ជា​ព្រះ​អរហន្ត ​ដែល​គង់​នៅ​ក្នុង​អសោ​កា​រាម ​នា​ក្រុង​បាត​លីបុត្ត​ ដែន​មគធៈ ​។​ ព្រះ​អរហន្ត​ទាំង​នេះ ​មាន​បំណង​ចង់​ក៏​សាង​ព្រះ​ពុទ្ធ​បដិមា​. បំណង​នោះ​ក៏​ជ្រាប​ដល់​ព្រះ​ឥន្ទ្រ ​ៗ ​ទ្រង់​ជ្រះ​ថ្លា​ក្នុង​ការ​កសាង​នេះ​ដែរ ​ទើប​ត្រាស់​ប្រើវិ​ស្សកម្ម​ទេវបុត្រ​ ឳ្យ​ទៅ​យក​កែវ​មណី​ជោតិ ​នៅ​ភ្នំវេបុល្ល ​ដែល​ពួកកុម្ភណ្ឌ​ថែរក្សា ​។ ​

ពួក​កុម្ភណ្ឌ​ មិន​ហ៊ាន​ថ្វាយ​កែវ​មុណី​ជោតិ​នោះ​ឡើយ​ ដោយ​ខ្លាច​ក្រែង​មាន​ស្តេច​ចក្ក​ពត្រា​ធិរាជ​កើត​ឡើង ​មិន​បាន​យកកែវ​មណី​ជោតិ​ទៅថ្វាយ​នឹង​បែក​ក្បាល​ជា ​៧​ ភាគ ​។ វិស្សកម្ម​ទេវបុត្រ ​ក៏ត្រឡប់​ទៅ​ក្រាប​ទួល​ព្រះឥន្ទ្រវិ​ញ​តាម​ដំណើរ​

ព្រះឥន្ទ្រ កាល​បើមិន​បាន​នូវកែវមណី​ជោតិនោះ​ហើយ ទើប​ស្តេច​យាង​ទៅកាន់​ភ្នំវេបុល្ល​ជា​មួយ​នឹងវិស្ស​កម្ម​ទេវបុត្រ​ ។ ​ពួកកុម្ភណ្ឌ​ទាំង​ឡាយ​ ក៏ក្រាប​ទួល​តាម​ហេតុ​ដែល​ថ្វាយ​មិន​បាន ​។ ​ព្រះឥន្ទ្រ​បាន​សួររ​ក​កែវ​ដ៏ទៃ​ទៀត​ ដែល​ល្អ​បន្ទាប់​ពី​កែវ​មណី​ជោតិ ។​ កុម្ភណ្ឌក្រាប​ទួលថា​ មាន​កែវមក៌ត​មួយដុំ ​ពណ៌​ដូច​ត្រួយ​ចេក​ នៅ​បាទ​ភ្នំ​វេបុល្ល ​ជាកែវ​ឥត​ម្ចាស់​ ។

ព្រះឥន្ទ ក៏​ប្រើពួ​ក​កុម្ភ​ណ្ឌ​ឳ្យ​ទៅ​យក​ កែវ​មក៌ត​នោះ​មក​ថ្វាយ​ លុះ​បាន​ហើយ​ទើប​យក​ទៅ​ប្រគេន​ព្រះនាគ​សេន​ត្ថេរ ៗ ​មិន​អាចរក​ជាង​ឆ្លាក់​បាន​ឡើយ​ ព្រះកែវ​នោះ​រឹ​ង​ពេក ​។ ​  ព្រះឥន្ទ្រ​បាន​ជ្រាបដំណឹងនោះ ​ក៏ប្រើ​វិស្ស​កម្ម​ទេវ​បុត្រ​ឳ្យ​ទៅ​ឆ្លាក់​ប្រគេន​ ដោយ​ហេតុ​ថាវិស្សកម្ម​ទេវ​បុត្រ ​ធ្លាប់​ឃើញ​ព្រះសម្ពុទ្ធ​កាលគង់​ព្រះជន្ម​នៅ​ អាច​ឆ្លាក់​ព្រះពុទ្ធ​រូប​ មាន​លក្ខណៈ​ប្រហែល​នឹងតួអង្គ​ព្រះសម្ពុទ្ធ​ដោយ​ច្រើន ​។

ព្រះពុទ្ធរូប​ព្រះកែវ​មក៌ត​នោះ​មាន​កំពស់មួយ​ហត្ថ ​៧ ​ធ្នាប់ ​ព្រះភ្នែន ​២៣ ​ធ្នាប់​ ។​ ព្រះនាគ​សេន​ត្ថេរ ​បាន​បញ្ចុះ​បរមធាតុ ​៧ ​អង្គ ​ទៅក្នុង​ព្រះកែវមក៌ត​នោះ​គឺ​ បញ្ចុះ​នៅ​ព្រះសិរ ​១ ​អង្គ​ ព្រះនលាដ ​១  ​អង្គ​ ព្រះឧរា ​១ ​អង្គ​ ព្រះអង្សា​ស្មាស្តាំ​ ១ អង្គ​ ឆ្វេង ១ អង្គ​ ព្រះជង្ឃ​ស្មង​ស្តាំ ១ អង្គ ​ឆ្វេង ​១ អង្គ​  លុះ​កសាង​ហើយ​ស្រេច​ ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​មាន​ព្រះនាគ​សេន​ត្ថេរជា​ប្រធាន ​បាន​ចាត់​ធ្វើ​មណ្ឌប​ ប្រតិស្ឋាន​ព្រះកែវ​មក៌ត​នោះ  ​នៅ​ក្រុង​បាត​លីបុត្រ ​ហើយ​មាន​ការ​សម្ពោធ ​អភិសេក​ជា​ឳឡារិក ​។

តមក ក្នុងរជ្ជកាលព្រះបាទសិរិកិត្តិរាជរវាង ព.ស. ១០០០​ប្រទេស​មគធៈ​កើត​ចលា​ចល​បះ​បោរ​ដណ្តើម​រាជសម្បត្តិ​ ឯព្រះ​ពុទ្ធ​សាសនា​ក៏​រៀវ​រោយ​ថយ​ចុះ​ជា​ច្រើន​ ទើប​ពុទ្ធបរិស័ទ​មួយ​ក្រុម ​និមន្ត​ព្រះកែវ​មក៌ត​ចុះ​សំពៅ​បើក​សំដៅ​ទៅ​កោះលង្កា​  ដោយ​មាន​បំណង​យកព្រះ​កែវ​មក៌ត​ទៅទុក​នៅទីនោះ​ ឳ្យផុត​ពី​កណ្តាប់​ដៃពួក​ជន​មច្ឆាទិដ្ឋិ​ ទៅ​ដល់​កោះលង្កា ​ពុទ្ធ​បរិស័ទ ​ទាំងឡាយ​មាន​ព្រះ​មហា​ក្សត្រត្រិយ៍​ និង​ព្រះសង្ឃ​បរិ​នាយក​ជាដើម​ បាន​ទទួល​ព្រះកែវ​មក៌ត​ ហែរ​ទៅ​ប្រតិស្ឋាន​នៅវត្ត​មេឃ​គិរី​មហា​វិហារ ​ដែល​ជា​វត្តសំខាន់​បំផុត​ក្នុងទីក្រុ​ង​ ។

ពេលនោះ​ព្រះពុទ្ធ​សាសនា​នៅកោះ​លង្កា​ រុ​ងរឿង​ជាង​នានា​ប្រទេស​ មាន​គម្ពីរ​ព្រះ​ត្រៃបិដក​គ្រប់​គ្រាន់​ប​រិបូណ៌​ទាំង​បែប​ភាសា​បាលី​ទាំង​ បែប​ភាសា​លង្កា ​។​ ត​មក​ក្នុង ព.ស. ​១៥៦០​ ប្រទេស​ភូមា​មាន​ព្រះមហាក្សត្រិយ៍​មួយអង្គ​នាមអនុរុទ្ធ​ ជា​អគ្គ​ពុទ្ធសាសនូ​បត្ថម្ភ ​ក៏ទ្រង់​បានជ្រាប​ថា ​នៅ​កោះលង្កា​ មាន​ព្រះត្រៃ​បិដក​ចប់​បរិបូរណ៌ ​ ទើប​ទ្រង់​ឳ្យ​តាក់តែង​សំពៅ​ពីរ ​ហើយ​ស្តេចយាង​ចុះ​សំពៅ​ទៅលង្កា​ទ្វីប​ ជាមួយ​នឹង​អ្នក​ប្រាជ្ញ​ច្រើន​រូប​មាន​ទាំងបព្វជិត​ទាំង​គ្រហស្ថ​ ដើម្បីច​ម្លង​ព្រះ​ត្រៃ​បិដក​ លុះ​ទៅ​ដល់កោះលង្កាហើយ​ ស្តេច​យាងចូល​ទៅគាល់​ព្រះចៅ​កោះ​លង្កា​ ព្រះ​នាម​លង្កិស្សរ​រាជ ។ ​

ព្រះចៅ​កោះ​លង្កា​ ទ្រង់​ធ្វើបដិសណ្ឋារៈ​កិច្ច​យ៉ាង​ខ្ពង់ខ្ពស់​ លុះ​ទទួល​បដិ​សណ្ឋារៈ​កិច្ច​រួច​ហើយ ​ស្តេច​យាង​ទៅ​ថ្វាយ​បង្គំ​ព្រះសង្ឃ​បរិនាយក​ នោវត្ត​មេឃ​គិរី​មហា​វិហារ​ សុំ​ចម្លង​ព្រះត្រៃបិដក​ ជា​ភាសា​បាលី​មួយ​ចប់​ ភាសា​លង្កា​មួយ​ចប់​ចម្លង​ស្រេច​​ហើយ​ព្រះបាទ​អនុរុទ្ធ​ ទ្រង់​សុំព្រះ​កែវ​មក៌ត​យក​ទៅ​ប្រតិស្ឋាន​ទុក​នៅ​ប្រទេស​ភូមិមា​ជាទីរលឹក ។​

ព្រះបាទ​លង្កិស្សររាជ ​បាន​ថ្វាយ​ព្រះកែវ​ម​ក៌ត​ដល់​ព្រះបាទ​អនុរុទ្ធតាម​សេចក្តី​សុំ​ ទើប​ព្រះ​អនុរុទ្ធ​ត្រាស់​បង្គាប់​ឳ្យជញ្ជូន​ព្រះ​ត្រៃបិដក​ភាសា​បាលី​ដាក់​ សំពៅមួយ​ព្រះ​ត្រៃបិដក​ជាភាសា​លង្កា​និង​ព្រះ​កែវមក៌ត​ដាក់​សំពៅមួយ​ចំណែក​ ព្រះអង្គ​គង់​សំពៅ​ដែល​ដាក់​ព្រះត្រៃបិដក​ភាសា​បាលី ។​ សំពៅ​ទាំងពី​បាន​បើក​ចេញ​ពីកោះ​លង្កា​ សំដៅ​ទៅ​ប្រទេស​ភូមា​ ដល់​ពាក់​កណ្តាលម​ហា​សាគរ​ សំពៅ​ដែល​ដំកល់​ព្រះត្រៃ​បិដក​ភាសា​លង្កា​និង​ព្រះ​កែវ​មក៌ត​ ត្រូវខ្យល់​ព្យុះ​បោក​បក់រសាត់​មក​ជាប់​នៅ​ត្រើយ​សមុទ្រ​ត្រង់​ជាយ​ខែត្រ​ បន្ទាយ​មាស ​នៃ​ប្រទេស​កម្ពុជា​ភាគខាង​ត្បូង​ រាជការ​ខែត្រ​បន្ទាយ​មាស​ ចាប់​សំពៅ​នោះ​បាន ​ទើប​នាំ​យក​គម្ពីរ​ព្រះ​ត្រៃបិដក​ និង​ព្រះកែវ​មក៌ត​ទៅ​ថ្វាយ​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី១ ​នៅ​ក្រុង​ស្រី​សោធបុរៈ.​ ទ្រង់​ស្តេច​ទត​ឃើញ​ព្រះកែវ​មក៌ត​នោះ ​ទ្រង់​សោមនស្ស​ណាស់​ បា​ន​ឳ្យ​សាង​វិហារ​មួយ​ដំកល់​ទុក ​ខាង​ក្នុង​ព្រះ​បរមរាជ​វាំង ​។ ​

ថ្ងៃក្រោយ​ព្រះបាទ​អនុរុទ្ធបាន​ជ្រាប​ដំណឹង​ ទើប​ប្រើ​រាជ​បំរើ​ឳ្យ​នាំ​សារ​មក​សុំ​យ​ក​រ​បស់ទាំង​នោះ​ទៅវិញ​ ។ ​ព្រះបាទ​សូរ្យវរ្ម័ន​ទី១​ បាន​ប្រគល់​តែ​ព្រះ​ត្រៃបិដក​ឳ្យវិញ ​ទ្រង់ទុក​ព្រះកែវ​មក៌ត​ ពុំបាន​ថ្វាយដ​ល់​ព្រះ​អនុរុទ្ធ​ព្រះចៅ​ភូមា​ឡើយ ​ព្រោះទ្រង់​សព្វព្រះរាជ​ហឫទ័យ​មនស្ស​ជ្រះថ្លា​ ចំពោះ​ព្រះកែវ​មក៌ត​​នោះ ​ក្រៃ​ពេក ​។ ​

ព្រះកែវ​មក៌ត​ ក៏​បាន​មក​ជា​មត៌ក​ប្រទេស​កម្ពុជា​ក្នុង​វេលា​នោះ​ដោយ​សេរី​ ឥត​បាន​ដឹង​បាន​ប្រាថ្នា ​ឬ​សូម​អំពី​សណាក់​បុគ្គលណា​ឡើយ ។

វាយអត្ថបទ​ដោយ ខ្ញុំព្រះ​ករុណា ​ខ្ញុំបាទ ​យ៉ែម ភិរុណ​ ដកស្រង់​ចេញប្រជុំ​និទាន​ជាតកភាគ​១ របស់​ព្រះបាឡាត់​ឧត្តមលិខិត ​សុង​ ស៊ីវ សិទ្ធត្ថោ​ គ្រូបង្រៀន​បាលីនៅវត្ត​លង្កា រាជធានីភ្នំ​ពេញ ។ អរព្រះ​គុណ​ព្រះភិក្ខុ​ សិរីបញ្ញោ ​ហ៊ុល សុខារ៉ា​ ព្រះគ្រូចៅ​អធិការ​ វត្ត​កល្យាណ​មិត្តខ្សាច់​ពោយនិង​លោកអាចារ្យ ​ចយ ធិន ដែលបានផ្តល់​សៀវភៅប្រជុំនិទាន​ជាតកនេះ។
 
ប្រភពពីៈ ៥០០០ឆ្នាំ

រឿងប្រេតប្តីប្រពន្ធ

រឿងប្រេតប្តីប្រពន្ធ
( ចាក បេ. ខុ. )
( ទោសនៃសេចក្តីកំណាញ់ មិនមានសទ្ធា )


ក្នុងសម័យបុព្វកាល មានត្រកូលព្រាហ្មណ៏​មួយ ក្នុង​ក្រុង​ពារាណសី ។ ត្រកូល​នោះមាន​កូន ៣​នាក់ ប្រុស ២នាក់ ស្រី ១នាក់​ពៅគេ​បង្អស់ ​។ កូនទាំង​បីនេះ ជា​ពួក​ម៉ាក​មិត្ត​ភ័ក្ត​រាប់​អានគ្នា​ជាមួយ​ឧបាសក ឧ​បា​សិកា ចំណាយ​ទ្រព្យ​ធ្វើបុណ្យ​ទាន ក្នុង​ព្រះពុទ្ធ​សាស​នា ។ ចំណែក​ខាងព្រាហ្មណ៏ ដែល​ជា ​មាតា បិតា កូន​ទាំង​បី នោះជា​បុគ្គល​កំណាញ់ គ្មាន​សទ្ធា​មិច្ឆា​ទិដ្និ មិន​ជ្រះ​ថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា​ ។

ព្រាហ្មណ៏​នេះ មានក្មួយ​ប្រុស​ម្នាក់ ទៅ​បួស​ជាសាម​ណេរ ក្នុងសំ​ណាក់​សង្កិច​ភិក្ខុ​នោះ ជាអ្នក​ឃើញ​ទោសរបស់​កាម តាំងពីបាន​បួស​ហើយ ចេះតែ​ចូលទៅ​សុំឧប​សម្ប​ទាជា​ ភិក្ខុ​ក្នុង​សំណាក់​ឧបជ្ឈាយ៏ សង្កិប​ភិក្ខុ ជាឧបជ្ឈាយ៏ចេះតែ ឃាត់​ឪ្យបង្អង់​ចាំ ១​ ខែ​ទៀត ​ៗ ជាច្រើន​ដង ព្រោះលោក​ជ្រាប​ថា មានឧប​និស្ស័យ​ជាព្រះ​អរហន្ត ប៉ុន្តែមិន​ទាន់​ដល់កំណត់​កាល​ ឯ​អាយុក៏​មិន​ទាន់​គ្រប់​ ២០ ​ឆ្នាំ​ផង​

ថ្ងៃមួយ​មានខ្យល់​ព្យុះធំ​ បក់បោក​រលំ​ផ្ទះ​ព្រាហ្មណ៏ ស្លាប់​អស់​មនុស្ស​ក្នុង​ផ្ទះ គឺ​ព្រាហ្មណ៏​ប្តី​ប្រពន្ធ ស្លាប់​ទៅកើត​ជា​ប្រេត ទាំង​ពីរ​នាក់​ ឯ​កូន​ប្រុស​ ពីរ​នាក់ ស្លាប់​ទៅកើត​ជាភូមិ​ទេវតា​ កូន​ស្រី​កើត​ជាភូមិ​ទេវ​ធីតា​ បរិបូរណ៏​ដោយទ្រព្យ​សម្បត្តិ នៅ​អាស្រ័យ​ក្នុង​ព្រៃ​ធំ ​ក្បែរ​ក្រុង​រាជ​គ្រឹះ។

ប្រេត​ប្តីប្រពន្ធ​ មាន​រូបកាយ​អាក្រក់​គួរខ្លាច​ កំពស់ប៉ុន​ត្នោត​លៃ ខ្លួន​ប្រលាក់​សុទ្ធ​តែ​ឈាម​ និង​ខ្ទុះ​ ដៃកាន់​ដំបង​ដែក​ប៉ុន​ដើម​ត្នោត សំពង​ក្បាល​គ្នា​ទៅវិញ​ ទៅមក​ បែក​ជាំ​ដំពេញ​ខ្លួន ហើយ​ខាំហែក​សាច់គ្នា​ស៊ីរាល់​ពេល​វេលា​ ព្រោះ​ស្រេក​ឃ្លាន​ខ្លាំង​ណាស់​ ។

ប្រេត​ទាំងពីរ​នេះចេះ​តែដើរ​តាមភូ​មិទេវតា​ ជា​កូន​ទាំង​បី ប៉ុន្តែ​មិន​អាច​ទទួល​យក​អំណោយ​ពីកូន​បាន​ឡើយ​ ព្រោះ​កាល​ជាតិ​មុន កូន​បបួល​ដឹកនាំ ឪ្យ​ធ្វើទាន​សីល​មិន​ព្រម​ស្តាប់​តាម​សោះ ​។

ចំណែក​ខាង​សាម​ណេរ​ បាន​ដឹងថា​ព្រាហ្មណ៏​ជាឪពុក​ម្តាយ​មីង ព្រម​ទាំង​បង​ប្អូន​បីនាក់​ រលំ​ផ្ទះស្លាប់​​អស់ ហើយ​ក៏ចូល​ទៅសុំ​លា​ឧបជ្ឈាយ៏​សឹក​ទៅ​ផ្ទះ​វិញ​ ។ ​ឧបជ្ឈាណ៏​ឃាត់​ឪ្យ​បង្អង់​សិន​ ទើប​លោក​នៃ​សាម​ណេរ​នោះ​ទៅ​គង់​ក្នុង​ព្រៃធំ​ ស្រាប់​តែ​សាមណេរ​នោះបាន​ឃើញ​ទេវតា​បីរូប​ ហោះ​ចុះ​ឡើង​សប្បាយ​រីក​រាយ​ក្នុង​ព្រៃ ​ក៏សួរ​ឧបជ្ឈាយ៏ ៗ ក៏​ឪ្យ​សួរ​ចំពោះ​ទេវតា​ផ្ទាល់​ខ្លួន​ឯង សាម​ណេរ​ក៏សួរ​ទៅទេវតា​ ហោះមុន​គេថា អ្នក​ជាអ្វី បាន​ធ្វើ​កម្ម​អ្វីខ្លះ​ពី​ជាតិ​មុន ​?​ សួរ​ដូច្នេះ​គ្រប់​ទេវតា​ទាំង​បី ទេវតា​ទាំង​នោះ​មិន​ប្រាប់​ដោយ​ខ្លួន​ឯង​ទេ គ្រាន់​​តែ​​ប្រាប់​ថា​​ចាំ​​សួរ​​ប្រេត​​ទាំង​ពីរ​នៅខាង​ក្រោយ ។​ មួយ​ស្របក់​ប្រេត​ទាំងពីរ​​ក៏មក​ដល់ សាម​ណេរឃើញ នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ពន់​ពេក​ ទើប​សួរ​ទៅកាន់​ប្រេត​នោះថា​ អ្នក​បាន​ធ្វើអំពើ​ដូច​ម្តេច​ខ្លះ​ កាល​ពីជាតិ​មុន ​?​ អ្នក​ស្គាល់​ទេវតា​ដែល​ហោះមុន​អ្នក​ឬទេ​ ?​ កាល​ពី​ដើម​ទេវតា​នោះ​ធ្វើ​អ្វី​ខ្លះ ?​ អាត្មា​ចង់​ដឹង​ណាស់​ ព្រោះ​មិន​ដែល​ឃើញ ។​

ប្រេត​និយាយ​ប្រាប់​សាមណេរ​នោះថា​ ខ្ញុំ​ព្រះ​ករុណា​កាល​ពី​ជាតិ​មុន​ នៅ​ក្រុង​ពារាណ​សី ជា​មនុស្ស​កំណាញ់ គ្មាន​សទ្ធា​ជឿ​ក្នុង​ព្រះ​ពុទ្ធ​សាស​នា ឯ​ទេវតា​ បីរូប​នោះជា​កូន​បង្កើត​របស់​ខ្ញុំ​ព្រះ​ករុណា​ កាល​ពី​ជាតិ​មុន បាន​ធ្វើ​បុណ្យ​ទាន​ក្នុង​សំ​ណាក់​ព្រះ​សង្កិច​ភិក្ខុ​ ដល់​ពេល​មាន​ខ្យល់​ព្យុះ​ធំ រលំ​ផ្ទះ​ស្លាប់​ បាន​មក​កើតជា​ទេវតា​នេះឯង​ ឯ​ខ្ញុំ​ព្រះករុណា​ ជា​មាតា​ បិតា​ស្លាប់​ក្នុង​ពេល​រលំ​ផ្ទះ​នោះ​ដែរ​ បាន​មក​កើត​ជាប្រេត​នេះ ។

ចំណែក​លោក​ម្ចាស់​ ក៏​មិន​មែន​អ្នក​ដ៏ទៃ គឺជា​កូន​ក្មួយ​បង្កើត​របស់​ខ្ញុំ​ព្រះ​ករុណា ​។ 
គ្រាន់ ​តែ​ដូច្នេះ​ហើយ​ ប្រេត​និង​ទេវតា​ ក៏​បាត់​រូប​លែង​ឃើញ​តាំង​ពី​ពេល​នោះ​មក​ ។ សង្ខេប​តែ​ប៉ុណ្ណេះ ឯសាម​ណេរ ក៏​និមន្ត​ទៅវត្ត​ជា​មួយ​ឧបជ្ឈាយ៏​ នាំ​ទៅ​ថ្វាយ​បង្គំ​ព្រះ​សម្ភុទ្ធ​ ដំណាល​ទូល​តាម​ដំណើរ​រឿង ព្រះសម្ភុទ្ធ​ទ្រង់​ ប្រារព្ធ​យក​រឿង​ប្រេត​នោះ​មក​ជា​ហេតុ ហើយ​ទ្រង់​សម្តែង​ធម្ម​ទេស​នា​ប្រកាស​អរឹយ​សច្ច​ ៤​ ប្រការ មហា​ជន​បាន​សម្រេច​មគ្គផល​តាម​និស្ស័យ​រៀង​ ៗ​ ខ្លួន​ ឯសាមណេរ​ដែល​ទើប​តែបាន​ឧបសម្បទា​ថ្មី​នោះ ខំ​ចំរើន​សម​ណធម៏ មិន​យូរ​ប៉ុន្មាន​ ក៏​បាន​សម្រេច​មគ្គ​ផល​ជា​ព្រះអហរន្ត​ ១ ​អង្គ​ក្នុង​លោក​ ៕

ដក​ស្រង់​ចេញ​ពីសៀវ​ភៅ ប្រជុំ​រឿង​និទាន​ជាតក​


ប្រភពពីៈ ៥០០០ឆ្នាំ