ប្រវត្តិនិងជំនឿ លើនំអន្សម ក្នុងសង្គមខ្មែរ

តាមវចនានុក្រម របស់សម្តេចសង្ឃ ជួន ណាត បានឲ្យដឹងថា អន្សម គឺជាឈ្មោះនំធ្វើ ដោយអង្ករដំណើប ខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលរលស្មើ ចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំង ក៏មាន។ អន្សម មានច្រើនប្រភេទគឺ អន្សមចេក ជាអន្សម ដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នូល។ អន្សមជ្រូក គឺ ដាក់សាច់ជ្រូកជាស្នូល។ អន្សមដូង គឺដាក់ខ្ទិះដូងឬសាច់ដូងទុំកោសលាយផង។ អន្សមអាំង ជាអន្សមដែលចម្អិន ដោយអាំង។ល។
នំអន្សមនេះ មានវត្តមាននៅក្នុងសង្គមខ្មែរ តាំងពីបុរាណសម័យមកហើយ ។ នំនេះ គេឃើញមាននៅក្នុង ពិធី បុណ្យទានរបស់ខ្មែរនានា ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យចូលឆ្នាំ ជាពិសេសក្នុង ពិធីបុណ្យភ្ជុំបិណ្ឌ។ យោងតាមឯកសារ មួយចំនួនបានឲ្យដឹងថា ក្នុងសម័យ ព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជា ប្រកាន់សាសនា ព្រហ្មញ្ញ ហើយរបស់ប្រើប្រាស់ និងសម្ភារៈភាគច្រើន តែងតែមានទំនាក់ទំនងនឹង សាសនាតួយ៉ាង នំអន្សម នេះជាដើម ។
ក្នុងសាសនាព្រហ្មញ្ញ នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ឬព្រះសិវៈ។ ចំណែកឯនំគម គឺតំណាង ឲ្យយោនី (ប្រដាប់ភេទ) នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ លិង្គព្រះឥសូរ គេធ្វើពីថ្មរឹងមានរាង៤ជ្រុង ៦ជ្រុង និង៨ជ្រុងក៏មាន ដែលគេតែងឃើញ លិង្គព្រះឥសូរដាក់ ពីលើយោនីនាងឧមា ឬនាងទួគ៌ា។ ម្លោះហើយ ទើបខ្មែរ យើងតែងតែឃើញនំ អន្សមនេះ ក្នុងពិធីបុណ្យទាន អមជាមួយនឹង “នំគម” ដែលជានំប្រពៃណីខ្មែរផងដែរ។
តាមឯកសាររបស់លោកបណ្ឌិត មីសែល ត្រាណេ ជំនាញខាងបុរាណវិទ្យា បានឲ្យដឹងថា ព្រះសិវៈ ឬព្រះឥសូរ នេះ គឺជាទេវតាចម្បងមួយអង្គក្នុងចំណោមទេវៈចម្បងទាំង៣ នៃទ្រីស្តីត្រីម៌ូតិ ដែលមាន ក្នុងលទ្ធិព្រហ្មញ្ញ សាសនា។ យោងលើប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅដើម ស.វ.ទី១ នៃគ.ស. បានបញ្ជាក់ថា ប្រជានុរាស្ត្រខ្មែរ នាសម័យបុរាណនោះ មានការពេញ និយមព្រះអាទិទេព អង្គនេះជាងព្រះអាទិ ទេពផ្សេងៗឯទៀត ដែលសុទ្ធសឹងតែមានប្រភព មកពីឥណ្ឌាទាំងអស់។ បើនិយាយមួយបែបទៀត ក្នុងការគោរពបូជាលទ្ធិព្រហ្មញ្ញ ខ្មែរខ្លះចូលចិត្ត ព្រះព្រហ្ម ខ្លះទៀតព្រះនារាយណ៍ (ព្រះវិស្ណុ, ពិស្ណុ) ក៏ប៉ុន្តែជាទូទៅការនិយមបេតីប្រតិបត្តិព្រះសិវៈ ឬព្រះឥសូរនេះ គឺមានកម្រិតខ្ពស់ ជាងព្រះ អាទិទេពផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ទន្ទឹមនឹងនេះ ក៏យើងបានសង្កេតឃើញមាន ការគោរពបូជាព្រះពុទ្ធ សាសនាផងដែរ។
ម៉្យាងទៀត រូបចម្លាក់លោតបុរេអង្គរជាច្រើន ទាក់ទងនឹងចម្លាក់ព្រះសិវៈក្រោមរូបភាពជានិមិត្តសញ្ញា គឺព្រះលិង្គ ដែលជាទម្រង់លក្ខណៈ ឬក៏ចំណែកមួយនៃសារព៌ាង្គកាយ របស់ព្រះសិវៈ ដែលបង្ហាញ ឲ្យឃើញនូវអាទិភាពព្រះអាទិទេពអង្គនេះក្នុងសង្គមខ្មែរ ។ចម្លាក់នៃព្រះអាទិទេពចម្បង ខាងលើនេះ មានភាពសម្បូរបែប តាំងពីសម័យបុរេអង្គរ (មុនសម័យអង្គរ) ម្ល៉េះ ជាពិសេស ចម្លាក់មានរូបរាង មនុស្ស មានផ្នួងសក់ ហើយមានកាន់ខ្សែ ផ្គាំនៅលើដៃ និងមនុស្សមានភ្នែកបី លំអដោយចំណិត ព្រះច័ន្ទលើផ្នួងសក់ និងគ្រឿងអលង្ការជាដើម។ ពាក់ព័ន្ធនឹងប្រវត្តិរបស់ព្រះអាទិទេពអង្គនេះ យើងក៏អាចដឹងទៀតថាព្រះសិវៈមានព្រះអគ្គមហេសីពីរព្រះអង្គ គឺព្រះនាងឧមា និងព្រះនាងគង្គា (ទូគ៌ា) ។ គេក៏បានបន្ថែមទៀតថា តាមព្រះសកម្មភាពផ្សេងៗ ក្នុងប្រវត្តិ ព្រះ មហេសីរបស់ទ្រង់ អាចមានព្រះនាមផ្សេងៗឯទៀត ដូចជា កាលីទុគ៌ាជាដើម និងមានព្រះរាជបុត្រពីរ គឺព្រះស្កន្ន និងព្រះគណេស។គប្បីរំលឹកឡើងវិញផងដែរថា ការឆ្លាក់លិង្គព្រះឥសូរ (សិវៈ) តម្កល់លើយោនីនាង ឧមា ឬនាងទូគ៌ា នេះបានក្លាយទៅជាប្រពៃណី ដែលវិចិត្រករខ្មែរយើង សម័យអង្គរបានត្រាប់តាម ហើយនា សម័យអង្គរ នោះដែរត្រីសូល៌មុខ៣ក៏ជាអាវុធឬក៏ជាវត្ថុស័ក្តិសិទ្ធិរបស់ពួកព្រាហ្មណ៍ និកាយសិវៈផង។នេះជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ព្រះឥសូរ នាសម័យនគរភ្នំ ដុះចេញពីបេះដូង និងមនោសញ្ចេតនាដ៏ស្មោះ ស្ម័គ្រចំពោះព្រះសិវៈ។ ទង្វើនេះក៏ជាលទ្ធផលនៃ ការជះឥទ្ធិពលឲ្យ ទាំងចក្រភពភ្នំ ប្រកបដោយសច្ចៈភាពស្គាល់ អំពើល្អ អាក្រក់ បង្ហាញដល់មនុស្សផងទាំងឡាយ ឲ្យស្គាល់ផ្លូវនាំទៅកាន់ភាពស្ងប់ចិត្ត។ ម្យ៉ាងវិញទៀត ជំនឿនេះ ក៏ប្រាកដជាបានផ្តល់នូវ សក្តានុពលដ៏សំខាន់ ខាងសីលធម៌ សម្រាប់សង្គមជាតិ នាសម័យបុរាណ នោះដែរ ។
និយាយជារួម ជំនឿ សាសនា ដែលជនជាតិខ្មែរជឿ និងប្រកាន់យកសព្វថ្ងៃ បើគេសិក្សាឲ្យបាន ច្បាស់លាស់ គឺមិនមែនប្រកាន់យក តែព្រះពុទ្ធសាសនា សុទ្ធសាធនោះទេ មានលាយឡំ ជាមួយ ជំនឿដើម និងព្រហ្មញ្ញ សាសនាផងដែរ។ ឧទាហរណ៍ៈ បើយើងនិយាយពី វត្តអារាមនៅ ប្រទេសកម្ពុជា គឺប្រជាជនខ្មែរទូទៅយល់ថា ជាវត្តអារាមរបស់ ព្រះពុទ្ធសាសនា ។ ប៉ុន្តែនៅក្នុង បរិវេណវត្តនោះ មានខ្ទមអ្នកតា គឺជាជំនឿដើមរបស់ ជនជាតិខ្មែរ ដែលជឿលើ ព្រលឹងដែលមិន សាបសូន្យ ទោះបីរូបរាងកាយ ស្លាប់បាត់បង់ក៏ដោយ ។ ចំណែកព្រះសង្ឃ ចេះមន្តអាគមគាថា ចេះព្យាបាលជំងឺ ស្រោចទឹកបណ្ដោះគ្រោះជាដើម គឺជាសាសនាព្រាហ្មញ្ញ ។ជាក់ស្តែង ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យទាក់ទងនឹង ព្រះពុទ្ធសាសនា ប៉ុន្តែការវេចនំអន្សម និងនំគម យកទៅវត្តនោះ គឺទាក់ទងនឹងជំនឿ របស់ព្រហ្មញ្ញសាសនា ទៅវិញទេ ៕

 

 


ប្រភពពី Lookingtoday