រឿងប្រេតប្តីប្រពន្ធ

រឿងប្រេតប្តីប្រពន្ធ
( ចាក បេ. ខុ. )
( ទោសនៃសេចក្តីកំណាញ់ មិនមានសទ្ធា )


ក្នុងសម័យបុព្វកាល មានត្រកូលព្រាហ្មណ៏​មួយ ក្នុង​ក្រុង​ពារាណសី ។ ត្រកូល​នោះមាន​កូន ៣​នាក់ ប្រុស ២នាក់ ស្រី ១នាក់​ពៅគេ​បង្អស់ ​។ កូនទាំង​បីនេះ ជា​ពួក​ម៉ាក​មិត្ត​ភ័ក្ត​រាប់​អានគ្នា​ជាមួយ​ឧបាសក ឧ​បា​សិកា ចំណាយ​ទ្រព្យ​ធ្វើបុណ្យ​ទាន ក្នុង​ព្រះពុទ្ធ​សាស​នា ។ ចំណែក​ខាងព្រាហ្មណ៏ ដែល​ជា ​មាតា បិតា កូន​ទាំង​បី នោះជា​បុគ្គល​កំណាញ់ គ្មាន​សទ្ធា​មិច្ឆា​ទិដ្និ មិន​ជ្រះ​ថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា​ ។

ព្រាហ្មណ៏​នេះ មានក្មួយ​ប្រុស​ម្នាក់ ទៅ​បួស​ជាសាម​ណេរ ក្នុងសំ​ណាក់​សង្កិច​ភិក្ខុ​នោះ ជាអ្នក​ឃើញ​ទោសរបស់​កាម តាំងពីបាន​បួស​ហើយ ចេះតែ​ចូលទៅ​សុំឧប​សម្ប​ទាជា​ ភិក្ខុ​ក្នុង​សំណាក់​ឧបជ្ឈាយ៏ សង្កិប​ភិក្ខុ ជាឧបជ្ឈាយ៏ចេះតែ ឃាត់​ឪ្យបង្អង់​ចាំ ១​ ខែ​ទៀត ​ៗ ជាច្រើន​ដង ព្រោះលោក​ជ្រាប​ថា មានឧប​និស្ស័យ​ជាព្រះ​អរហន្ត ប៉ុន្តែមិន​ទាន់​ដល់កំណត់​កាល​ ឯ​អាយុក៏​មិន​ទាន់​គ្រប់​ ២០ ​ឆ្នាំ​ផង​

ថ្ងៃមួយ​មានខ្យល់​ព្យុះធំ​ បក់បោក​រលំ​ផ្ទះ​ព្រាហ្មណ៏ ស្លាប់​អស់​មនុស្ស​ក្នុង​ផ្ទះ គឺ​ព្រាហ្មណ៏​ប្តី​ប្រពន្ធ ស្លាប់​ទៅកើត​ជា​ប្រេត ទាំង​ពីរ​នាក់​ ឯ​កូន​ប្រុស​ ពីរ​នាក់ ស្លាប់​ទៅកើត​ជាភូមិ​ទេវតា​ កូន​ស្រី​កើត​ជាភូមិ​ទេវ​ធីតា​ បរិបូរណ៏​ដោយទ្រព្យ​សម្បត្តិ នៅ​អាស្រ័យ​ក្នុង​ព្រៃ​ធំ ​ក្បែរ​ក្រុង​រាជ​គ្រឹះ។

ប្រេត​ប្តីប្រពន្ធ​ មាន​រូបកាយ​អាក្រក់​គួរខ្លាច​ កំពស់ប៉ុន​ត្នោត​លៃ ខ្លួន​ប្រលាក់​សុទ្ធ​តែ​ឈាម​ និង​ខ្ទុះ​ ដៃកាន់​ដំបង​ដែក​ប៉ុន​ដើម​ត្នោត សំពង​ក្បាល​គ្នា​ទៅវិញ​ ទៅមក​ បែក​ជាំ​ដំពេញ​ខ្លួន ហើយ​ខាំហែក​សាច់គ្នា​ស៊ីរាល់​ពេល​វេលា​ ព្រោះ​ស្រេក​ឃ្លាន​ខ្លាំង​ណាស់​ ។

ប្រេត​ទាំងពីរ​នេះចេះ​តែដើរ​តាមភូ​មិទេវតា​ ជា​កូន​ទាំង​បី ប៉ុន្តែ​មិន​អាច​ទទួល​យក​អំណោយ​ពីកូន​បាន​ឡើយ​ ព្រោះ​កាល​ជាតិ​មុន កូន​បបួល​ដឹកនាំ ឪ្យ​ធ្វើទាន​សីល​មិន​ព្រម​ស្តាប់​តាម​សោះ ​។

ចំណែក​ខាង​សាម​ណេរ​ បាន​ដឹងថា​ព្រាហ្មណ៏​ជាឪពុក​ម្តាយ​មីង ព្រម​ទាំង​បង​ប្អូន​បីនាក់​ រលំ​ផ្ទះស្លាប់​​អស់ ហើយ​ក៏ចូល​ទៅសុំ​លា​ឧបជ្ឈាយ៏​សឹក​ទៅ​ផ្ទះ​វិញ​ ។ ​ឧបជ្ឈាណ៏​ឃាត់​ឪ្យ​បង្អង់​សិន​ ទើប​លោក​នៃ​សាម​ណេរ​នោះ​ទៅ​គង់​ក្នុង​ព្រៃធំ​ ស្រាប់​តែ​សាមណេរ​នោះបាន​ឃើញ​ទេវតា​បីរូប​ ហោះ​ចុះ​ឡើង​សប្បាយ​រីក​រាយ​ក្នុង​ព្រៃ ​ក៏សួរ​ឧបជ្ឈាយ៏ ៗ ក៏​ឪ្យ​សួរ​ចំពោះ​ទេវតា​ផ្ទាល់​ខ្លួន​ឯង សាម​ណេរ​ក៏សួរ​ទៅទេវតា​ ហោះមុន​គេថា អ្នក​ជាអ្វី បាន​ធ្វើ​កម្ម​អ្វីខ្លះ​ពី​ជាតិ​មុន ​?​ សួរ​ដូច្នេះ​គ្រប់​ទេវតា​ទាំង​បី ទេវតា​ទាំង​នោះ​មិន​ប្រាប់​ដោយ​ខ្លួន​ឯង​ទេ គ្រាន់​​តែ​​ប្រាប់​ថា​​ចាំ​​សួរ​​ប្រេត​​ទាំង​ពីរ​នៅខាង​ក្រោយ ។​ មួយ​ស្របក់​ប្រេត​ទាំងពីរ​​ក៏មក​ដល់ សាម​ណេរឃើញ នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ពន់​ពេក​ ទើប​សួរ​ទៅកាន់​ប្រេត​នោះថា​ អ្នក​បាន​ធ្វើអំពើ​ដូច​ម្តេច​ខ្លះ​ កាល​ពីជាតិ​មុន ​?​ អ្នក​ស្គាល់​ទេវតា​ដែល​ហោះមុន​អ្នក​ឬទេ​ ?​ កាល​ពី​ដើម​ទេវតា​នោះ​ធ្វើ​អ្វី​ខ្លះ ?​ អាត្មា​ចង់​ដឹង​ណាស់​ ព្រោះ​មិន​ដែល​ឃើញ ។​

ប្រេត​និយាយ​ប្រាប់​សាមណេរ​នោះថា​ ខ្ញុំ​ព្រះ​ករុណា​កាល​ពី​ជាតិ​មុន​ នៅ​ក្រុង​ពារាណ​សី ជា​មនុស្ស​កំណាញ់ គ្មាន​សទ្ធា​ជឿ​ក្នុង​ព្រះ​ពុទ្ធ​សាស​នា ឯ​ទេវតា​ បីរូប​នោះជា​កូន​បង្កើត​របស់​ខ្ញុំ​ព្រះ​ករុណា​ កាល​ពី​ជាតិ​មុន បាន​ធ្វើ​បុណ្យ​ទាន​ក្នុង​សំ​ណាក់​ព្រះ​សង្កិច​ភិក្ខុ​ ដល់​ពេល​មាន​ខ្យល់​ព្យុះ​ធំ រលំ​ផ្ទះ​ស្លាប់​ បាន​មក​កើតជា​ទេវតា​នេះឯង​ ឯ​ខ្ញុំ​ព្រះករុណា​ ជា​មាតា​ បិតា​ស្លាប់​ក្នុង​ពេល​រលំ​ផ្ទះ​នោះ​ដែរ​ បាន​មក​កើត​ជាប្រេត​នេះ ។

ចំណែក​លោក​ម្ចាស់​ ក៏​មិន​មែន​អ្នក​ដ៏ទៃ គឺជា​កូន​ក្មួយ​បង្កើត​របស់​ខ្ញុំ​ព្រះ​ករុណា ​។ 
គ្រាន់ ​តែ​ដូច្នេះ​ហើយ​ ប្រេត​និង​ទេវតា​ ក៏​បាត់​រូប​លែង​ឃើញ​តាំង​ពី​ពេល​នោះ​មក​ ។ សង្ខេប​តែ​ប៉ុណ្ណេះ ឯសាម​ណេរ ក៏​និមន្ត​ទៅវត្ត​ជា​មួយ​ឧបជ្ឈាយ៏​ នាំ​ទៅ​ថ្វាយ​បង្គំ​ព្រះ​សម្ភុទ្ធ​ ដំណាល​ទូល​តាម​ដំណើរ​រឿង ព្រះសម្ភុទ្ធ​ទ្រង់​ ប្រារព្ធ​យក​រឿង​ប្រេត​នោះ​មក​ជា​ហេតុ ហើយ​ទ្រង់​សម្តែង​ធម្ម​ទេស​នា​ប្រកាស​អរឹយ​សច្ច​ ៤​ ប្រការ មហា​ជន​បាន​សម្រេច​មគ្គផល​តាម​និស្ស័យ​រៀង​ ៗ​ ខ្លួន​ ឯសាមណេរ​ដែល​ទើប​តែបាន​ឧបសម្បទា​ថ្មី​នោះ ខំ​ចំរើន​សម​ណធម៏ មិន​យូរ​ប៉ុន្មាន​ ក៏​បាន​សម្រេច​មគ្គ​ផល​ជា​ព្រះអហរន្ត​ ១ ​អង្គ​ក្នុង​លោក​ ៕

ដក​ស្រង់​ចេញ​ពីសៀវ​ភៅ ប្រជុំ​រឿង​និទាន​ជាតក​


ប្រភពពីៈ ៥០០០ឆ្នាំ